![]() |
|
|
អត្ថបទសិក្សា ព្រមទាំងយោបល់ខ្លះស្តីអំពីសិល្បៈចំរៀងខ្មែរ by Vann Chaom Mony, Pol |
![]() |
កាលពីរាត្រីថ្ងៃសៅរ៍ទី១៣ធ្នូ២០០៣កន្លងទៅនេះ វិទ្យុBBCបានផ្សាយអំពីពិធី រៀបអាពាហ៍ពិពាហ៍ របស់អ្នកចំរៀងTenorជនជាតិអ៊ីតាលីម្នាក់ដែលមានភាពអធឹកអធម មានភ្ញៀវជំរើសល្បីល្បាញ ប្រហែល៦០០នាក់។ ពាក្បថាអ្នកចំរៀងTenorមានន័យថា ជាអ្នកចំរៀងប្រុសដែលមានសំលេងខ្ពស់ អាចច្រៀងក្នុងវង់ដូរ្យតន្ត្រី Symphonyបាន។ វង់ដូរ្យតន្ត្រីSymphonyគឺជាវង់តន្ត្រី ស្រដៀងនឹងវង់មហោរីឆ្នៃ ខ្មែរយើងដែរ ប៉ុន្តែតែងមានឧបករណ៍ច្រើន ហើយមានអ្នកភ្លេងយ៉ាងតិច១០នាក់ រហូតដល់៥០នាក់ក៏មាន។ នារាត្រីថ្ងៃសៅរ៍នេះដែរ វិទ្យុអាស៊ីសេរីក៏បានផ្សាយអំពីជីវភាពសិល្បករខ្មែរ ដែលបានចូលរួមក្នុងពិធី ឃោសនានៃគណបក្សហ៊្វុនស៊ីនប៉ិច ក្នុងពេលយុទ្ធនាការបោះឆ្នោតតំណាងរាស្ត្រអណត្តទីបីឆ្នាំ២០០៣។ វិទ្យុអាស៊ីសេរីរាយការណ៍ថា សិល្បករទាំងនោះមានលោកឡោស៊ីជាដើម កំពុងស្ថិតនៅក្នុងភាពរើសអើង ពីសំណាក់អ្នកជំនួញ ដែលកាន់កាប់ឧបករណ៍ផ្សាយពាណិជ្ជកម្ម មានវិទ្យុទូរទស្សន៍ជាដើម។ គេប្រកែក លែងផ្សាយសិល្បៈដែលសំដែងដោយលោកឡោស៊ីនិងក្រុមរបស់គាត់ ធ្វើអោយគាត់បាត់បង់អាជីព ពីព្រោះបើសឹនម្ចាស់វិទ្យុទូរទស្សន៍ ប្រកែកមិនព្រមផ្សាយ ក្រុមហ៊ុនដែលត្រូវផ្សាយពាណិជ្ជកម្ម តាមរយៈ វិទ្យុទូរទស្សន៍ទាំងនោះ ក៏មិនអាចឧបត្ថម្ភជីវភាពសិល្បករទាំងនោះបានដែរ។ បើសឹនយើងពិនិត្យមើលនូវដំណើររឿង នៃការផ្សាយទាំងពីរ រវាងសិល្បករលោកខាងលិច និងសិល្បករខ្មែរ ឃើញថាមានជីវភាពខុសគ្នាឆ្ងាយណាស់។ យើងគ្រាន់ពិនិត្យពីរបៀបទំនុកបំរុងជីវភាពសិល្បករប៉ុណ្ណោះ ឃើញថា ការវាយតំលៃ និងការគោរពរាប់អានសិល្បករនៃប្រទេសជឿនលឿន ប្រៀបធៀបនឹងប្រទេសខ្មែរ មានភាពខុសគ្នាទៅហើយ។ សិល្បករនៃប្រទេសជឿនលឿន ច្រើនមានទេពកោសល្យខ្ពស់ ដូចអ្នកចំរៀងTenor ជាដើម សុទ្ធតែជាអ្នកចំរៀងដែលត្រូវបានជ្រើសរើស យ៉ាងសំរឹតសំរាំងបំផុត ពីសំណាក់អ្នកជំនាញអំពីសិល្បៈនេះ ព្រមទាំងពីមហាជន ដោយគ្មានការរើសអើង អំពីទស្សនៈនយោបាយឫុក្រុម បក្សពួកឡើយ។ គេគឹតតែម៉្យាងគឺទេពកោសល្យ សំរាប់យកទៅបំរើផលប្រយោជន៍រួមរបស់ប្រទេសជាតិ ឬមនុស្សលោកទាំងមូល ជាជាងផលប្រយោជន៍ បក្សពួក។ បើមិនដូច្នោះទេ សិល្បករដែលជ្រើសរើសមកបាន មិនអាចមានទេពកោសល្យខ្ពស់ រីឯខ្មែរជំនាន់ក្រោយ ក៏លែងហ៊ានអប់រំកូនចៅ អោយស្រឡាញ់សិល្បៈតទៅទៀត។ គេនឹងអប់រំ អោយចេះតែប្រជែងយកបក្សពួក ដើម្បីចាប់យកអំណាចតែប៉ុណ្ណោះ។ បើនៅតែដូច្នេះ អំណើះតទៅ សិល្បៈនឹងលែងមានខ្លឹមសារទៀតហើយ ពីព្រាះគេលែងអោយតំលៃ លើគុណភាព គេអោយតែលើកំលាំងផ្សព្វផ្សាយ ហើយនឹងបក្សពួកមួយក្រុមតូច។ តាមនិយមន័យ សិល្បៈគឺជាការឆ្នៃប្រឌិត។ វាមានភាពខុសគ្នាបន្តិចរវាងវិចិត្រសិល្បៈ ដូចជាសិល្បៈ ចំរៀងជាដើម និងសិល្បៈទូទៅ។ វិចិត្រសិល្បៈ សំដៅលើសិល្បៈដែលកើតឡើងដោយការផ្ចឹតផ្ចង់ ដូចជាគំនូរ ចំលាក់ របាំ ស្ថាបត្យកម្ម ការច្រៀង និងការលេងឧបករណ៍ដូរ្យតន្រ្តីជាដើម។ រីឯសិល្បៈទូទៅសំដៅសិល្បៈមានការឆ្នៃប្រឌិត ដូចជាកិច្ចការជាងសំណង់ ជាងអគិ្គសនី ជាងម៉ាស៊ីន និងវិស័យវិស្វកម្មដទៃទៀត។ ប្រទេសដែលជឿនលឿន លុះត្រាតែវិស័យវិស្វកម្ម និងវិចិត្រសិល្បៈ មានការសហការគ្នា។ ឧទាហរណ៍ ការងារស្ថាបត្យកម្ម ចំរៀងនិងដូរ្យតន្ត្រី មិនអាចក្លាយជាប្រយោជន៍មហាជនទូទៅបានឡើយ បើសឹនគ្មានជាងសំណង់ ឬគ្មានឧបករណ៍ផ្សព្វផ្សាយ។ បើមិនដូច្នោះទេ ស្ថាបត្យកម្ម ចំរៀងនិងដូរ្យតន្ត្រី អាចមានតែនៅលើសំណៅក្រដាស ឬមាននៅតែក្នុងអារម្មណ៍អ្នកសិល្បករប៉ុណ្ណោះ ហើយផុត ពីជំនាន់គាត់ទៅ គាត់ត្រូវនាំយកទៅតាមជីវិត របស់គាត់។ ផ្ទុយទៅវិញ ឧស្សាហកម្មនិងវិស្វកម្ម បើគ្មានស្ថាបត្យកម្ម ការរៀបចំគំរោង ការផុសគំនិតថ្មីនិងការតែងនិពន្ធទេនោះ, គេនឹងសង់ឬផលិត ដោយគ្មានគោលការណ៍ ឬក៏លួចចំលងពីអ្នកដទៃទាំងស្រុង។ និយាយរួម ពួកអ្នកសិល្បករទាំងនោះហើយ ដែលជាអ្នកបង្កើតការងារថ្មីអោយមនុស្សលោក។ ដូច្នេះសិល្បករអាជីពទាំងឡាយ គួរតែលោកស្គាល់ពីកំរិតទេពកោសល្យរបស់ខ្លួន ថាតើគួរជ្រើសយកអាជីព ជាសិល្បករ ឬក៏ក្នុងវិស័យវិស្វកម្ម។ នេះជាមនសិការដែលគួរពិចារណា ដើម្បីជាផលប្រយោជន៍ជួយស្តារវប្បធម៌ជាតិ បើមិនដូច្នោះទេ អ្នកមានទេពកោសល្យពិតប្រាកដ ត្រូវបង្ខំចិត្តរស់ក្នុងអាជីពផ្សេងទៀត ហើយពេលលោកស្លាប់ទៅ ត្រូវយកចំណេះតាមខ្លួន។ ហើយទាំងអស់គ្នា ទាំងអ្នកមានអាជីពនិងអត់អាជីព រស់ដើម្បីគ្រាន់តែរស់ប៉ុណ្ណោះ, គ្មានពេលវេលាសំរាប់កសាងវប្បធម៌ជាតិសោះ។ ម៉្យាងទៀត ក្នុងសម័យនេះ ពុំមែនដូចសម័យ លោកកវីក្រមង៉ុយ ឬកវីទុំ ដែលដើរច្រៀងពីភូមិមួយ ទៅភូមិមួយ ហើយទស្សនិកជនជំនាន់នោះតែងតែមានសណ្តានចិត្តល្អ ឧបត្ថម្ភទំនុកបំរុងអ្នកសិល្បករ ឲ្យគ្រាន់ បន្តអាជីពរបស់ខ្លួនបាននោះទេ។ សម័យឥឡូវនេះ ឧបករណ៍ផ្សព្វផ្សាយ មានសារសំខាន់ណាស់ ជាពិសេសដូចក្នុង ប្រទេសយើង ប្រជាពលរដ្ឋក្រីក្រលោកគ្មានមធ្យោបាយទទួលពត៌មាន ក្រៅតែពីវិទ្យុនិងទូរទស្សន៍ក្នុងស្រុក តែប៉ុណ្ណោះ។ បើសឹនវិទ្យុនិងទូរទស្សន៍ ផ្សាយពាណិជ្ជកម្មឬទាក់ទាញឲ្យទៅតាមរឿងអ្វី គាត់ទទួលតែពត៌មានម្ខាងនោះប៉ុណ្ណាះ។ ដូច្នេះមានតែក្រុមពាណិជ្ជករ សិល្បករ ឬក្រុមជំនាញទាំងអស់ ទាំងអ្នក មានអាជីពឬអត់អាជីព ត្រូវរួបរួមគ្នាឡើង ហើយមានមនសិការភ្ញាក់រលឹកឡើង ដោយអោយតំលៃ វប្បធម៌ជាតិខ្លួន ខ្ពស់ជាងជីវភាពផ្ទាល់ខ្លួន ហើយរកជំនាញពិតប្រាកដ ដែលត្រូវនឹង ទេពកោសល្យខ្លួន ដើម្បីជាគំរូដល់មនុស្សជំនាន់ក្រោយ។ ជាពិសេសប្អូនៗយុវវ័យ គួរកុំលុះទៅតាមការបញ្ជោរ ពីសំណាក់ វប្បធម៌បរទេស ដែលមើលឃើញសិល្បករ ហាក់ដូចជាមាន ជីវភាពសិចស៊ី ហ៊ឺហារ ទាំងនេះគ្រាន់តែជាការ បង្ហាញសំបកក្រៅ ហើយគ្មានខ្លឹមសារ ជាគុណភាពពិតប្រាកដនៃសិល្បៈឡើយ។ ជាជាងរកអាជីពសិល្បៈ ដែលគ្រាន់តែបំរើជីវភាពរបស់ខ្លួន មួយរយៈ ហើយគ្មានផលប្រយោជន៍សំរាប់វប្បធម៌ជាតិ ក៏ដូចជាសំរាប់អនាគតផ្ទាល់ខ្លួនផង ពីព្រោះសិល្បៈដែលគ្មានទេពកោសល្យ គ្រាន់តែអោយល្បីមួយរយៈ មិនអាចអោយមានការ ចងចាំយូរអង្វែងពីសំណាក់មហាជនទូទៅឡើយ។ ទ្រឹស្តីចិត្តសាស្រ្តនិយាយថា អ្នកដែលមានអាជីពដែលត្រូវនឹងទេពកោសល្យពិតប្រាកដរបស់ខ្លួន ទោះពីដំបូងមិនទាន់សំបូរអ្នកគាំទ្រក៏ដោយ ប៉ុនែ្តក្រោយមកមិនយូរ នឹងមានការជោគជ័យក្នុងជីវិតរបស់ខ្លួន។ ដូច្នះយុវជនទាំងឡាយត្រូវតែ ពិចារណាពីអនាគតអាជីពរបស់ខ្លួនឲ្យបានច្បាស់ ហើយតំរង់គោលដៅពីក្មេងទៅ ជាជាងរកល្បី តែមួយភ្លែត ហើយវប្បធម៌ជាតិក៏រលត់ អនាគតក៏ក្លាយជាគ្មានន័យ។ ប្រជាពលរដ្ឋខ្មែរយើងទូទៅ ពេលដែលត្រូវបានសួរថា បើសឹនសិល្បៈដែលផ្សាយតាមវិទ្យុទូរទស្សន៍សព្វថ្ងៃ មិនសូវមាន គុណភាពទៅហើយ ហេតុម្តេចក៏នៅតែបង្ខំចិត្តមើលនឹងស្តាប់? គេនិយាយថាគេគ្មានជំរើស ពីព្រោះបុស្តិណាក៏ដូចប៉ុស្តិណា គេឮតែចំរៀងស្ទីលដដែលៗ តើអោយគេទៅរកសិល្បករមាន ទេពកោសល្យឯណា បើប្រជាពលរដ្ឋមិនទាន់យល់ពីអ្វីដែលហៅថាសិល្បៈមានទេពកោសល្យផងនោះ? គេត្រូតែទ្រាំស្តាប់ ទ្រាំឮ ទៅតាមអ្វីដែលគេបង្ខំអោយឮតែប៉ុណ្ណោះ។ នេះបង្ហាញថា ក្រុមហ៊ុនផ្សព្វផ្សាយ សិល្បករ ហើយនិងពាណិជ្ជករ មានតួនាទីសំខាន់ណាស់ ក្នុងការអប់រំប្រជាពលរដ្ឋ។ ប៉ុនែ្តបើអប់រំ ក្នុងផ្លូវខុស អ្នកទាំងនោះក៏ទទួលខុសត្រូវក្នុងការបំភ័ន្តប្រជាពលរដ្ឋ អោយទទួលយកតែសិល្បៈ មានតំលៃទាប ហើយដាក់ប្រទេសអោយលែងមានឱកាស ក្នុងការប្រជែងជាមួយប្រទេសដទៃទៀត ហើយឈានទៅរកការរលំរលាយប្រទេស លែងមាន អត្តសញ្ញាណជាតិតែម្តង។ ដូច្នេះទោះបីវិទ្យាសាស្ត្រ ជាពិសេសខាងផ្នែកផ្សព្វផ្សាយ មានលក្ខណៈទំនើបយ៉ាងណាក៏ដោយ វិទ្យាសាស្ត្រទាំងនេះ គេអាចយកមក បំផ្លាញវប្បធម៌ជាតិទៅវិញ ក៏បាន។ ប្រទេសយើងដែលនៅឱនថយ ដាច់ឆ្ងាយពីពិភពលោក មិនទាន់អាចមានសម្មត្ថភាពប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជា វិទ្យាសាស្រ្តពត៌មានបានឡើយ ហើយទាល់តែមានអភិបាលកិច្ចល្អ ហើយមានការគោរពស្រឡាញ់វប្បធម៌ជាតិពីគ្រប់មជ្ឈដ្ឋាន ទើបបានវប្បធម៌រុងរឿង ដូចដែលធ្លាប់មានពីមុនមក។ |
||