![]() |
|
|
តើដូរ្យដន្ត្រីខ្មែរពីជំនាន់សង្គមចាស់ មុនឆ្នាំ៧៥ Jan 2007 |
![]() |
នេះជាប្រធានបទដែលគួរអោយព្រួយបារម្ភ ព្រោះថាកាលពីជំនាន់សង្គម ខ្មែរមានជំនាញជាច្រើនយ៉ាង តាំងពីរបៀបប្រើ ឧបករណ៍ភ្លេង ច្រៀង និងតែងនិពន្ធ។ ឥឡូវនេះ វិស័យទាំងនេះចុះទាបមែនទែន ដោយសារយើងខ្វះសាលាអប់រំ ក៏ដូចជាខ្វះវិទ្យាស្ថានសំរាប់អភិរក្ស បើទោះបីជា វិស័យបច្ចេកទេសថ្មីផ្នែកពត៌មានវិទ្យាបានរាលដាលមកដល់ស្រុកខ្មែរយើងក៏ដោយចុះ។ បច្ចេកទេសពត៌មានវិទ្យា បើតាមទ្រឹស្តី វាអាចផ្តល់សារប្រយោជន៍ដល់ការថតចំលងនូវបទចំរៀងចាស់ៗ អោយទៅជាលក្ខណៈស៊ីឌីឬMP3 ដែលអាចរក្សាទុកបានយូរ ហើយនៅរក្សាលក្ខណៈដើម។ ប៉ុន្តែនៅក្នុងការអនុវត្តពិតប្រាកដ គេក៏អាចយកបទចំរៀងចាស់ៗទាំងនោះ ទៅលុបសំលេងភ្លេងដែលមានស្រាប់ ហើយកែអោយបាត់លក្ខណៈដើមផងដែរ។ ដូចដែលយើងឃើញមានបទពិសោធន៍ឥឡូវនេះ យើងពិបាកនឹងរកបទចំរៀងពីសង្គមណាមួយ ដែលឮភ្លេង ឧបករណ៍ដើមរបស់វាណាស់។ ម៉្យាងដោយសារបទចំរៀងទាំងនោះត្រូវចំលងពីខ្សែអាត់ឬថាស់ចំរៀងចាស់ ប៉ុន្តែបញ្ហាធំបំផុតគឺមកពីក្រុមហ៊ុនថតចំរៀងមួយចំនួនបានយកមកលុបឧបករណ៍ដើម ហើយលេងឧបករណ៍ថ្មីជាន់ពីលើដែលខុសពីន័យដើម។ ការធ្វើរបៀបនេះ នាំអោយបាត់មនោសញ្ជេតនាដើមនៃបទចំរៀង ព្រមទាំងបាត់របៀបផ្គុំឧបករណ៍ (Arranging and Voicing) ដែលជាលក្ខណៈ ពិសេសសំរាប់ខ្មែរជំនាន់នោះផងដែរ។ ការធ្វើបទចំរៀងជំនាន់ដើម អោយទៅជាការ៉ាអូខេ ជាមធ្យោបាយមួយល្អដែរ ក្នុងការទាក់ទាញក្មេងជំនាន់ក្រោយ អោយស្គាល់តំលៃនៃរៀមច្បងជំនាន់ចាស់ ប៉ុនែ្តវាក៏មានផលវិបាកដូចរៀបរាប់ខាងលើផងដែរ។ ឥឡូវនេះវាសឹងតែហួសពេលទៅហើយក្នុងការប្រមូលបទចំរៀងចាស់ៗយកមករក្សាទុក ពីព្រោះបទចំរៀងទាំងនោះត្រូវបានកែឆ្នៃអស់ទៅហើយ ម៉្យាងអស់លោកដែលកើតទាន់ពីសម័យសង្គម ដែលជាឯកសាររស់ ក៏កាន់តែមានវ័យចាស់ណាស់ទៅហើយដែរ។ មធ្យោបាយជាបន្ទាន់ គឺយើងត្រូវនាំគ្នាចំលង(Transcribe)ទំនុកច្រៀងនិងបទភ្លេងទាំងនោះទុក។ ការចំលងបទភ្លេងនិងទំនុកច្រៀងនេះពុំមែនជាការងាយស្រួលទេ ពីព្រោះបទចំរៀងទាំងនោះត្រូវចំលងពីខ្សែអាត់ចាស់ៗ ហើយមានក្រុមហ៊ុនសម័យឥឡូវលេងឧបករណ៍ជាន់ពីលើផង។ ប៉ុន្តែយើងត្រូវតែព្យាយាម តាមតែអាចធ្វើបាន ពីព្រោះក្មេងជំនាន់ក្រោយ ដែលតែងតែបានឮកាន់តែតិចតួចនូវបទភ្លេងទាំងនោះ មិនងាយនឹងយកចិត្តទុកដាក់ក្នុងការចងក្រងឯកសារ ទុកឡើយ។ ដូច្នេះហើយបានជាខ្ញុំ បើកនូវទំពរ័វិបសាយដូរ្យតន្ត្រីមួយ សំរាប់កត់ត្រាទុក នូវអត្ថបទភ្លេងនិងទំនុកច្រៀងទាំងនេះ។ ទោះបីខ្ញុំមានជំនាញតិចតួច ក្នុងការសរសេរភ្លេងក៏ដោយ ប៉ុនែ្តខ្ញុំបានសរសេរយ៉ាងប្រុងប្រយ័ត្នបំផុត ហើយដោយប្រើបច្ចេកទេសកុំព្យូទ័រ ខ្ញុំអាចថតសំលេងភ្លេងដែលខ្ញុំសរសេរបាននេះ ជាឯកសារMP3 សំរាប់យកទៅផ្ទៀងផ្ទាត់ ជាមួយបទភ្លេងពីដើម។ សរុបមក ដូរ្យដន្ត្រីខ្មែរពីជំនាន់សង្គមចាស់ អាចគង់វង់នៅបានយូរ ឬក៏បាត់បង់ ក៏អាស្រ័យតែយើងក្នុងជំនាន់នេះ ដែលអាចនៅមានសល់ អ្នករស់នៅពីសង្គម គ្រាន់ជាឯកសាររស់ ហើយរួមគ្នាការពារកេរ្តិដំណែលនេះទាំងអស់គ្នា បើពុំនោះសោត វានឹងបាត់បង់ទៅ នៅក្នុងជំនាន់ទសវត្សនេះតែម្តង។
|
||